ឆ្នាំងទី១ ការ៉ុតបានក្លាយទៅទន់ជ្រាយ រីឯឆ្នាំងទី២ ស៊ុតបានឆ្អិនដោយប្រែក្លាយពីវត្ថុរាវ មកហាប់រឹងទាំងផ្នែកក្នុង និងក្រៅ។ ចំណែកឯឆ្នាំងទី៣ គ្រាប់កាហ្វេបានរលាយបាត់រូបរាងទៅហើយ ប៉ុន្តែទឹកនៅក្នុងឆ្នាំងប្រែពណ៌ និងក្លិនឈ្ងុយឈ្ងប់។
ចូរយើងពិនិត្យមើលពីដំណើរជីវិតរបស់មនុស្សយើងម្តង។ ជីវិតតែងតែមិនទៀង ជីវិតមិនចេះតែស្រណុកសុខស្រួលរហូត ជីវិតមិនចេះតែសប្បាយរីករាយរហូត សុភមង្គលមិនស្ថិតនៅជាមួយយើងជាដ៏រាបនោះទេ មានពេលខ្លះជីវិតគឺលំបាកវេទនាខ្លាំងណាស់។ រឿងរ៉ាវនានាកើតឡើងមិនទៅតាមអ្វីដែលយើងប្រាថ្នាទុក ឬចង់បាន។ មនុស្សនៅជុំវិញខ្លួនយើងពេលខ្លះ មិនធ្វើមកលើយើងតាមអ្វីដែលយើងសង្ឃឹមទុក។ មានពេលខ្លះ យើងធ្វើការច្រើន ប៉ុន្តែទទួលបានលទ្ធផលតិចតួច។ តើយើងធ្វើអ្វីខ្លះនៅពេលដែលយើងជួបនូវបញ្ហានានា?
ពេលនេះយើងសាកល្បងប្រៀបធៀបមនុស្សយើងទៅនឹងការ៉ុត ស៊ុត និងកាហ្វេ ហើយទឹកក្នុងឆ្នាំងនីមួយៗប្រៀបទៅនឹងបញ្ហានៅក្នុងជីវិតរបស់យើង។
មនុស្សការ៉ុត គឺដូចជាការ៉ុតចឹង ដំបូងឡើយស្រស់ស្អាត រឹងមាំ ប៉ុន្តែពេលមានបញ្ហាចូលទៅប្រែក្លាយទៅជាទន់ជ្រាយ។ មនុស្សការ៉ុតឆាប់បោះបង់ ងាយអស់សង្ឃឹម និងទន់ជ្រាយយ៉ាងខ្លាំង ពួកគេគ្មានស្មារតីប្រយុទ្ធ តតាំងនោះទេ។ ដូច្នេះចូរយើងកុំធ្វើខ្លួនជាមនុស្សការ៉ុត។
មនុស្សស៊ុត គឺដូចជាស៊ុតចឹង ដំបូងឡើយមានភាពទន់ភ្លន់ បេះដូងអាចបត់បែនបាន តែដល់ពេលបញ្ហាចូលទៅដល់ក៏ប្រែក្លាយទៅជារឹងទទឹង គ្មានភាពទន់ភ្លន់ទាំងខាងក្នុង និងខាងក្រៅ។ ពួកគេស្អប់គ្នាទៅវិញទៅមក មិនចូលចិត្តគ្នា មិនចុះសំរុងគ្នាដូចកាលដំបូង មានតែចង់នៅដាច់ពីគ្នា គ្មានអារម្មណ៍កក់ក្តៅ និងមានតែភាពល្វីងជូរចត់។ ដូច្នេះចូរកុំធ្វើខ្លួនជាមនុស្សស៊ុត។
ឥឡូវនេះយើងពិនិត្យមើលឆ្នាំងកាហ្វេវិញម្តង ទឹកក្តៅមិនអាចធ្វើអ្វីកាហ្វេបានទេ ប៉ុន្តែគឺកាហ្វេទេដែលជាអ្នកផ្លាស់ប្តូរទឹក។ ទឹកក្នុងឆ្នាំងបានផ្លាស់ប្តូរទៅជាពណ៌កាហ្វេដែលយើងអាចមើលឃើញច្បាស់នឹងភ្នែក ខ្លិនកាហ្វេភាយចេញមកដែលយើងអាចស្រង់ខ្លិនផ្ទាល់ដោយច្រមុះ និងទឹកក្នុងឆ្នាំងប្រែក្លាយទៅជាកាហ្វេដែលយើងអាចភ្លក់រសជាតិបានជាក់ដោយអណ្តាត។ បើទឹកកាន់តែក្តៅ រសជាតិកាហ្វេកាន់តែឆ្ងាញ់។ ទាំងនេះហើយគឺជាធម្មជាតិរបស់កាហ្វេ។ ដូច្នេះហើយយើងគួរធ្វើខ្លួនជាមនុស្សកាហ្វេ។
ជាមនុស្សកាហ្វេ យើងអាចកែប្រែឧបសគ្គ និងផលលំបាកទាំងឡាយដែលយើងបានជួបប្រទះ ឲ្យមានស្ថានភាពប្រសើរ ដោយមិនចុះញ៉មនឹងរឿងទាំងឡាយដែលយើងកំពុងប្រឈមមុខ។ ការរៀនសូត្រអ្វីដែលថ្មីៗ នឹងជួយឲ្យយើងមានចំណេះ មានជំនាញ និងមានសមត្ថភាព។ ការជួបប្រទះនឹងបញ្ហានានា នឹងធ្វើឲ្យយើង មានបទពិសោធន៍កាន់តែច្រើនឡើងសម្រាប់ដោះស្រាយបញ្ហាជីវិត និងធ្វើឲ្យបរិស្ថាននៅជុំវិញខ្លួនយើងក្លាយទៅជាប្រសើរឡើង។
ដើម្បីទទួលបានជោគជ័យ យើងចាំបាច់ត្រូវតែប្រឹង ប្រឹងហើយ ប្រឹងទៀត ប្រឹងមិនឈប់ឈរ។ យើងត្រូវមានជំនឿលើអ្វីដែលយើងកំពុងធ្វើ យើងមិនត្រូវបោះបង់ យើងត្រូវមានភាពអំណត់អត់ធ្មត់ យើងត្រូវតែរុញច្រានបញ្ហា និងការលំបាកនានា។ បញ្ហា និងឧបសគ្គនានាផ្តល់ឲ្យយើងនូវឱកាស និងមេរៀនឲ្យក្លាយជាមនុស្សខ្លាំងជាងមុន ប្រសើរជាងមុន និងស្វិតស្វាញជាងមុន។