Skip to content Skip to footer

កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះសមាគមមិត្តយើងបានរៀបចំ “កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានអ្នកចូលរួម ប្រមាណ ៣១២ នាក់ ។ កម្មវិធីនេះផងដែរ ជាកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងសមាគមមិត្តយើងដែលបាននាំយកជាងជំនាញៗចំនួនប្រមាណ ៥០រូប មកពី ២២សាឡនផ្សេងៗទូទាំងរាជធានីខេត្ត។

សមាគមមិត្តយើង បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ “សក់និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោល គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកម្មវិធីនេះផងដែរ សមាគមមិត្តយើងទទួលបានការឧបត្ថម្ភពីមីហឹរ ៧យ៉ាង ៧កម្រិត និង KOFI Co., LTDចែកជូនភេសជ្ជៈ KOFI និងមីហឹរដល់អ្នកចូលរួម និងក្រុមការងារ ព្រមទាំងមានការចូលរួមពីសំណាក់បេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់ព័ត៌មានស្វែងរកការងារ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃបណ្ណ ប.ស.ស ជូនបងប្អូនអ្នកចូលរួម។

Leave a comment