Skip to content Skip to footer

ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២២ នេះសមាគមមិត្តយើងបានរៀបចំពិធីជួបជុំបណ្តាញមិត្តយើង ដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌រយៈពេលមួយឆ្នាំកន្លងទៅ

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ វាយតម្លៃខ្ពស់ចំពោះសកម្មភាពកន្លងមករបស់សមាគមមិត្តយើង តាមរយៈការងារមនុស្សធម៌។ នាល្ងាចថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២២ នេះសមាគមមិត្តយើងបានរៀបចំពិធីជួបជុំបណ្តាញមិត្តយើង ដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌រយៈពេលមួយឆ្នាំកន្លងទៅ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាសណ្ឋាគារកាំបូឌីយ៉ាណា។ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគមមិត្តយើង បានលើកឡើងថាពិធី “ជួបជុំបណ្តាញមិត្តយើង” នេះ រៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាកសាងបណ្តាញនៃសមាជិកសមាគម ជាមួយនឹងក្រុមហ៊ុនដៃគូសហការ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយគាំទ្រដល់សមាគមមិត្តយើង ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុនៅតាមកម្មវិធីសប្បុរសធម៌ផ្សេងៗ នាពេលកន្លងមក។

 ការជួបជុំបណ្តាញសមាគមជាលើកទី២នេះផងដែរ គឺដើម្បីជជែកពីវឌ្ឍនភាព និងលទ្ធផលការងារដែលបានសហការគ្នាក្នុងការអនុវត្តកន្លងមក ព្រមទាំងផែនការការងារ និងលទ្ធភាពក្នុងការបន្តចក្ខុវិស័យរបស់សមាគម នាពេលអនាគត។ កញ្ញាបន្ថែមថាសម្រាប់រយៈពេលជិត ២ឆ្នាំ នៃការអនុវត្តផែនការរបស់សមាគមកន្លងមកនេះ ប្រជាជនដែលជួបទុក្ខលំបាកខ្វះខាត ជនទីទ័លក្រ និងបងប្អូនកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួនប្រមាណ ៣៥០ ០០០នាក់ បានទទួលនូវការជួយឧបត្ថម្ភគាំទ្រពីសមាគមផ្ទាល់ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ជាកញ្ចប់ជំនួយមិត្តយើងជាច្រើនលើកផងដែរ ដើម្បីទប់ទល់ជីវភាពលំបាកប្រចាំថ្ងៃ។ ការចូលរួមរបស់សមាគមមិត្តយើងក្នុងយុទ្ធនាការ “ជិះដើម្បីមិត្តយើង” ព្រមទាំង “សក់ និងសម្រស់ដើម្បីមិត្តយើង” ក៏ជាសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយមួយផងដែរ ដោយផ្តើមចេញពីការចែករំលែកធនធាន ទាំងកម្លាំងកាយចិត្ត និងថវិកា ទៅតាមលទ្ធភាពរបស់សមាជិកមិត្តយើងជូនដល់ក្រុមគោលដៅ។ 

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមិត្តយើងកន្លងមក និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពសប្បុរសធម៌របស់សមាគមមួយនេះ។ជាមួយគ្នានេះឯកឧត្តមបាន លើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូ សហការ ម្ចាស់ហាងសាឡន និងហាងកាត់សក់ទាំងអស់ បន្តចូលរួមយ៉ាងសកម្មជាមួយសមាគមមិត្តយើង ក្នុងការជួយដល់ប្រជាជនដែលជួបទុក្ខលំបាកខ្វះខាត ជនទីទ័លក្រ និងបងប្អូនកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ ជាមួយគ្នានេះឯកឧត្តមបានស្នើសុំដល់សមាគមពិនិត្យលទ្ធភាពក្នុងការរៀបចំជាយុទ្ធនាការថ្មីមួយទៀត ដែលអាចជួយផ្តល់ឱកាសបង្កើត ឬពង្រីកមុខរបរ និងអាជីវកម្មចិញ្ចឹមជីវិត ឬផ្តល់ឱកាសស្វែងរកហិរញ្ញវត្ថុគាំទ្រអាជីវកម្មដល់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាអាជីវករតូចនិងមធ្យមទាំងអស់ ដែលមានបំណងចង់រកប្រាក់ចំណូលបន្ថែម ឬចង់ឈោងចាប់បង្កើតមុខរបរដោយខ្លួនឯង ឬពង្រីកនិងពង្រឹងមុខរបរនោះឱ្យបានរលូនប្រសើរជាមុន ដែលអាចដាក់ឈ្មោះជាយុទ្ធនាការ “សហគ្រិនមិត្តយើង” ផងដែរ ពោលគឺពង្រឹងសកម្មភាពចាស់ និងពង្រីកសកម្មភាពថ្មីរបស់សមាគម ដោយធ្វើយ៉ាងណាឱ្យសមាគមមិត្តយើងអាចក្លាយជាស្ពានចម្លងដ៏សំខាន់ និងចាំបាច់មួយរវាងប្រជាជន និងរាជរដ្ឋាភិបាល នាពេលអនាគត។ 

សូមជម្រាបថាសមាគមមិត្តយើងត្រូវបានបង្កើតឡើងដោយពហុគំនិតរួមគ្នារបស់យុវជនមួយក្រុមតូចក្រោមអភិក្រម “មិត្តភាព សាមគ្គីភាព ភក្តីភាព” កាលពី២ឆ្នាំមុន ក្នុងគោលដៅប្រមូលផ្តុំបុគ្គលស្វ័យនិយោជន៍ អ្នកជំនាញការបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេសក្នុងការកសាងបណ្តាញអាជីវកម្មឲ្យបានច្បាស់លាស់ ក៏ដូចជាផ្តល់ការចែករំលែកនូវបទពិសោធន៍ ព័ត៌មានទីផ្សារការងារ ការប្រឹក្សាយោបល់ និងការបណ្តុះបណ្តាលដល់សមាជិកទាំងអស់ផងដែរ។

Leave a comment