Skip to content Skip to footer

សិស្ស និស្សិត យុវជន និងសាធារណជនប្រមាណ ២៥០នាក់ ទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ ពីសមាគមមិត្តយើងក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤

ស្របពេលដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» សមាគមមិត្តយើង បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ “សក់និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោល គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមិត្តយើងបានលើកឡើងថា នេះជាលើកទីពីរហើយ ដែលសមាគមមិត្តយើងរៀបចំ កម្មវិធី“សក់និងសម្រស់របស់មិត្តយើង” ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោកក៏បានបញ្ជាក់ថា ថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញចំនួន ៧៥នាក់ មកពី២៥សាឡនផ្សេងៗ ដើម្បីចូលរួមជាមួយសមាគមមិត្តយើងចំនួន ២ថ្ងៃ ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត និងអាចចូលទស្សនាស្នាដៃនិស្សិតផលិតជា Drone, Robot និងឧបករណ៍បច្ចេកទេសទំនើបៗ នៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬ បងប្អូនដែលចង់រៀនជំនាញកាត់សក់ ក៏អាចចុះឈ្មោះចូលរៀននៅសាលា L.I.C.E បាន ជាមួយគ្រូជំនាញៗ និងមានបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេស។

ថ្មីៗនេះសមាគមមិត្តយើង ក៏បាន និងកំពុងរៀបចំកម្មវិធីថ្មីមួយទៀតគឺកម្មវិធីកាត់សក់ចល័ត ក្រោមកិច្ចសហការជាមួយ បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស)ដោយឥតគិតថ្ងៃជូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស និងអ្នកក្រៅប្រព័ន្ធ នៅពេលល្ងាចថ្ងៃអង្គារ ក្នុងអាទិត្យទី២ រៀងរាល់ខែផងដែរ។

សម្រាប់កាលវិភាគបន្ទាប់ ក្នុងខែកក្កដាខាងមុខនេះ សមាគមមិត្តយើងនឹងរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍របស់សមាគមមិត្តយើង ឬមានចំណាប់អារម្មណ៍ក្នុងការ ចូលរួមជាមួយ មិត្តយើង សូមទាក់ទង៖

កញ្ញា ឡុង កែវកញ្ចកា (ប្រធានផ្នែកកិច្ចការទូទៅ) ទូរស័ព្ទ ០៧០ ៨១២ ១២៦

កញ្ញា ហៀន ស្រីលីន (ប្រធានផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងគម្រោង) ទូរស័ព្ទ ០៩៦ ៣៨២ ១៥៤៣

 










Leave a comment