Skip to content Skip to footer

សមាគមមិត្តយើងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បី  មិត្តយើង កាត់សក់ដោយឥតគិតថ្លៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋដែលស្ថិតនៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួនប្រមាណ៣០០នាក់

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សមាគមមិត្តយើង សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ​នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃអាទិត្យទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។

អស់រយៈពេលប្រមាណ ៤ឆ្នាំកន្លងមក សមាគមមិត្តយើង នៅតែបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ “សក់និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញ​ផ្នែកវិជ្ជាជីវៈនេះពោល គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់ សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់​កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមាន​ប្រសាសន៍​ថាក្រៅពីការផ្ដល់ សេវាកម្មថែរក្សា សក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃ​វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ កម្មវិធីនេះ​ផងដែរនឹងដើរតួជា​កន្លែងភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយអំពីការផ្ដល់ជូនព័ត៌មាន ប្រឹក្សាយោបល់ ស្វែងរ​កការងារតាមរយៈ​មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ​ និងការងារការចុះឈ្មោះសិក្សា ដោយឥតគិតថ្លៃសម្រាប់អ្នកដែលមិនមានលទ្ធភាព អ្នកដែលមានបណ្ណក្រីក្រ ឬបណ្ណសមធម៌ ដែលមានបំណង ចង់សិក្សាស្វែងរកជំនាញ បន្ថែមជំនាញតាមរយៈកម្មវិធី TVET 1.5M របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសក៏អាចសាកសួរអំពីអត្ថប្រយោជន៍ លម្អិតអំពីព័ត៌មានការចុះបញ្ជីជាបុគ្គល​ស្វ័យនិយោជន៍របស់បេឡាជាតិ​សន្តិសុខ​សង្គម។ ក្នុងកម្មវិធីនេះ មានបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋក្នុងតំបន់ចូលរួមប្រមាណ៣០០នាក់ដែលជា កម្មករ និងកម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅតំបន់ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះផងដែរមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនUniliver ផ្ដល់ជូនសាប៊ូកក់សក់ Clear ដល់  អ្នកចូលរួម និងហាងនំបុ័ងTour Eiffel Bakery ផ្ដល់ជាអាហារសម្រន់ចំនួន១០០នំដល់ក្រុមការងារ និងជាង ជំនាញៗចំនួន៦០រូប មកពីសាឡនចំនួន២០​ ទូទាំងរាជធានី-ខេត្តចូលរួមកាត់សក់ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃដើម្បីទទួលបានសក់ស្អាត លើកសម្រស់ និងទទួលបានសិរីសួស្ដីមុនឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។​  សម្រាប់ខែឧសភា សមាគមមិត្តយើងនឹងរៀបចំកម្មវិធីកាត់សក់នៅថ្ងៃទី៤ ដែលទីតាំង ក្រុមការងារនឹងជូនដំណឹងតាមរយៈបណ្ដាញ ហ្វេសបុក​ផ្លូវការរបស់សមាគម។

Leave a comment