Skip to content Skip to footer

សមាគមមិត្តយើងបន្តចូលរួមកិច្ចការសប្បុរសធម៌តាមរយៈផ្តល់សេវាកម្មកាត់សក់ដោយមិនគិតថ្លៃ និងស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅនៅសង្កាត់ផ្សារដើមថ្កូវ

ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ (ភ្នំពេញ)៖ កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ជាកម្មវិធីដែលមានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេស ខាងសក់មកពីសាឡនជាច្រើនទូទាំងប្រទេស ត្រូវបានធ្វើនៅទីតាំងរវង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមាគមមិត្តយើងបានសហការជាមួយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេ (L’ICE Serge Comtesse – Cambodia) រៀបចំកម្មវិធី “សក់ និង សម្រស់ ដើម្បីមិត្តយើង” ដែលបានសម្របសម្រួលជាមួយជាងសក់ដែលល្បីៗ និងមានជំនាញប្រមាណ 70នាក់ ចូលរួមការងារសង្គមដោយស្ម័គ្រចិត្តកាត់សក់បុរសនារីដោយឥតគិតថ្លៃផ្តល់ជូនដល់អ្នកចូលរួម ជាង ៥០០ នាក់ ហើយមហាជនគោលដៅនៃកម្មវិធីនេះមានដូចជា កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនមកពីសហគមន៍ក្នុងតំបន់ជុំវិញនៃកន្លែងកម្មវិធីជាដើម។ 

ជាមួយគ្នានេះដែរមិត្តយើងនឹងរៀបចំកម្មវិធីនេះជារៀងរាល់ខែ ដែលកម្មវិធីបន្ទាប់នឹងរៀបចំនៅថ្ងៃទី៣០ ខែមីនា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។ កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះសមាគមមិត្តយើង សូមអរគុណដល់សង្កាត់ផ្សារដើមថ្កូវដែលបានសម្របសម្រួលផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី និង សូមជូនពរ លោក លោកស្រី អ្នកនាង កញ្ញា ជាងសក់នៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេទាំងអស់ សូមឲ្យមានក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ចការងារ ជួបតែពុទ្ធពរ និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមអរគុណ

Leave a comment