Skip to content Skip to footer

(សក់ និងសម្រស់ដើម្បីមិត្តយើង) សមាគមមិត្តយើង បន្តផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត ព្រមទាំងអ្នកធ្វើការ និងរស់នៅក្នុងតំបន់កោះពេជ្រដោយពុំគិតប្រាក់!

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សមាគមមិត្តយើង បន្តផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត ព្រមទាំងអ្នកធ្វើការ និងរស់នៅក្នុងតំបន់កោះពេជ្រដោយពុំគិតប្រាក់!

ភ្នំពេញ៖ សមាគមមិត្តយើង បន្តផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត ព្រមទាំងអ្នកធ្វើការ និងរស់នៅក្នុងតំបន់កោះពេជ្រដោយពុំគិតប្រាក់! នៅព្រឹកថ្ងៃទី២៨ ខែតុលា នេះ សមាគមមិត្តយើងបន្តយុទ្ធនាការ សក់និងសម្រស់ដើម្បីមិត្តយើង ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ ព្រមទាំងអ្នកធ្វើការ និងរស់នៅក្នុងតំបន់កោះពេជ្រ ដោយពុំគិតប្រាក់។ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលាជំនាញសក់ និងសម្រស់ អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថា នេះជាលើកទីពីរហើយដែលសមាគមមិត្តយើងរៀបចំ កម្មវិធី #សក់និងសម្រស់ដើម្បីមិត្តយើង ការរៀបចំឡើងនេះក្នុងគោលបំណងដើរតួជាស្ពានដ៏សំខាន់ក្នុងការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ ទៅដល់បងប្អូនដែលមានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ ដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធីនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារ សាឡន និងហាងកាត់សក់ល្បីៗនៅរាជធានីភ្នំពេញ ដែលមានជាងជំនាញៗប្រមាណ ៥០នាក់ បានកាត់សក់ជូនបងប្អូនទាំងអស់ប្រកបដោយក្តីសប្បាយរីករាយ និងសង្ឃឹមថាការចូលរួមមួយនេះនឹងធ្វើឱ្យបងប្អូន សប្បាយចិត្ត និងមានសម្រស់ស្រស់ស្អាត។ លោកបញ្ជាក់បន្ថែមថា ក្រោយពីការកាត់សក់រួចបងប្អូនអាចចូលស្វែងរកការងារនៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផងដែរ ហើយមួយវិញទៀត បើបងប្អូនចាប់អារម្មណ៍ចង់រៀនជំនាញកាត់សក់ បងប្អូនក៏អាចចុះឈ្មោះចូលរៀនបាននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗ និងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។ សូមជម្រាបថា បន្ទាប់ពីបានផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា #កញ្ចប់ជំនួយមិត្តយើង ដល់អ្នកមានជីវភាពខ្វះខាត និងបងប្អូនកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ២៥០នាក់ ផងដែរ៕

Leave a comment