- info@mettyeung27.org
- (015) 22 03 20
ភ្នំពេញ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមសិល្បៈពហុវប្បធម៌កុមារាកុមារីកម្ពុជា-កូរ៉េ រួមគ្នាសម្តែងសិល្បៈវប្បធម៌កម្ពុជា-កូរ៉េ ដើម្បីរឹតចំណងសាមគ្គីភាពនិងមិត្តភាពឲ្យកាន់តែខ្លាំងឡើង កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានចាត់ទុកការសម្តែងសិល្បៈរវាងក្រុមកុមារកម្ពុជា-កូរ៉េ ជាការរិតចំណង់សាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
កម្មវិធីសម្តែងសិល្បៈវប្បធម៌នេះធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅអគារខេមរានី(សសយក រាជធានីភ្នំពេញ)។ កម្មវិធីសម្តែងសិល្បៈវប្បធម៌រវាងពហុវប្បធម៌កុមារា-កុមារីកម្ពុជា-កូរ៉េ មានការចូលរួមពីសមាគមមិត្តយើង មជ្ឈមណ្ឌលផ្តល់សេវាកម្មសម្រាប់សហគមន៍ពលករទេសន្តរប្រវេសក៍ Gyeongnam ក្រោមការសហការរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ កញ្ញា ផាន់ សុនីតា បានលើកឡើងថាកម្មវិធីសម្តែងសិល្បៈ នារសៀលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកក្នុងការចែករំលែក និងផ្លាស់ប្តូរសិល្បៈ វប្បធម៌, ពង្រីកកិច្ចសហការ ជាពិសេសបន្តពង្រឹងស្មារតីនៃសាមគ្គីភាព ក៏ដូចជាចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងកូរ៉េផងដែរ។
កញ្ញាបន្ថែមថា វាជាឱកាសដ៏កម្រមួយដែលបានជួបជុំគ្នា រឹតចំណងមិត្តភាព ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធិស្នាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្អូនៗជាទីស្រឡាញ់ និងជាពិសេសនោះ គឺវត្តមានក្រុមសិល្បៈពហុវប្បធម៌កុមារា-កុមារីដែលមកពីសាធារណរដ្ឋកូរ៉េ និងកម្ពុជាយើង។ កញ្ញាសង្ឃឹមថាក្រុមការងាររបស់សមាគមមិត្តយើង និងក្រុមការងារមជ្ឈមណ្ឌលផ្តល់សេវាកម្មសម្រាប់សហគមន៍ពលករទេសន្តរប្រវេសក៍ Gyeongnam នឹងមានឱកាសបន្តការរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈវប្បធម៌ដូចនេះបន្ថែមទៀត ទាំងនៅកម្ពុជា និងកូរ៉េ។
លោក Lee choul seoung ប្រធានមជ្ឈមណ្ឌលផ្តល់សេវាកម្មសម្រាប់សហគមន៍ពលករទេសន្តរប្រវេសក៍ Gyeongnam មានប្រសាសន៍ថាលោកពិតជាចាប់អារម្មណ៍ និងស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំង ពិសេសវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសមួយនេះ។លោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរបស់កូរ៉-កម្ពុជាកាន់តែស៊ីជម្រៅបប្ថែមទៀត និងគ្រប់ជ្រុងជ្រោយ។លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពស្មោះត្រង់ និងអំណត់តស៊ូរបស់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសកូរ៉េផងដែរ។ សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ការសម្តែងសិល្បៈនៅថ្ងៃទី២៤នេះ ក្រុមសិល្បៈពហុវប្បធម៌កុមារា-កុមារី ប្រទេសកូរ៉េ នឹងទៅសម្តែងសិល្បៈរួមគ្នាជាបន្តទៀតនៅថ្ងៃទី២៥ ជាមួយនិងក្រុមសិល្បកុមារា-កុមារីប្រចាំខេត្តព្រះសីហនុ ក្រោមការរៀបចំនិងសម្រប់សម្រួលពីសមាគមមិត្តយើង ជាមួយនិងរដ្ឋបាលខេត្តព្រះសីហនុផងដែរ។