- info@mettyeung27.org
- (015) 22 03 20
ក្នុងពិធីសម្តែងសិល្បៈពហុវប្បធម៌ដែលសម្តែងឡើងដោយក្រុមកុមារា-កុមារីមកពីប្រទេសកូរ៉េ និងក្រុមសិល្បៈកុមារខេត្តព្រះស៊ីហនុនាល្ងាចថ្ងៃទី២៥ ខែធ្នូ ដែលរៀបចំឡើងដោយសមាគមមិត្តយើង សហការជាមួយរដ្ឋបាលខេត្តព្រះស៊ីហនុនេះ មានការអញ្ជើញចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា និងកញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើងផងដែរ។
លោក ឡុង ឌីម៉ង់ បានថ្លែងថា ពិធីសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ជាការបំពេញទស្សនកិច្ច និងចូលរួមសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ ។ លោកអភិបាលរងខេត្ត បញ្ជាក់ថាខេត្តព្រះសីហនុ និងទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ បានបង្កើតចំណងមិត្តភាពជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ ២០១៧ និងបានផ្លាស់ប្តូរកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វប្បធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងទស្សនកិច្ចសិក្សានាពេលកន្លងមក។ ការរៀបចំសម្តែងសិល្បៈ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាពខេត្ត-ក្រុងបងប្អូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដើម្បីបង្កលក្ខណៈដល់ប្រជាជន នៃប្រទេសទាំងពីរ (កម្ពុជា-កូរ៉) បង្កើតភាពស្និទ្ធស្នាលស្វែងយល់ពីគ្នាកាន់តែច្បាស់ និងផ្សព្វផ្សាយពីសក្កានុពលវប្បធម៌ ទេសចរណ៍ និងធុរកិច្ចទៅកាន់សាធារណជនកូរ៉េ និងប្រជាពលរដ្ឋ នៃខេត្តព្រះសីហនុ។
លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជាជាតំណាងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកា ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យមានកម្មវិធីផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅផ្លាស់ប្តូរវប្បធម៌ប្រទេសទាំង២ ដោយមានប្រជាជនកម្ពុជាប្រមាណ ៤០,០០០នាក់ រស់នៅក្នុងប្រទេសកូរ៉េ និងជនជាតិកូរ៉េចំនួនប្រមាណ ១១,០០០នាក់រស់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ប្រជាជនកូរ៉េ ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍ជនជាតិកូរ៉េប្រហែល ៦,០០០នាក់ មកលេងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាមួយចំនួនធំទៅលេងប្រទេសកូរ៉េផងដែរ។
លោកបានបន្តថា ក្រុងព្រះសីហនុ ជាទីក្រុងមាត់សមុទ្រប្រវត្តិសាស្ត្រ និងស្រស់ស្អាតរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា ការសម្តែងវប្បធម៌កូរ៉េ-កម្ពុជាថ្ងៃនេះ ជាឱកាសសម្រាប់ប្រជាជន នៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ។ (ឆាងវ៉ុន និងព្រះសីហនុ ស្រដៀងគ្នាទីក្រុងទាំងពីរជាទីក្រុងឆ្នេរសមុទ្រ និងទីក្រុងនៃពហុវប្បធម៌បើកចំហ។ តាមរយៈការសម្តែងក្រុមចម្រៀងផ្លាស់ប្តូរវប្បធម៌រវាងឆាងវ៉ុន និងខេត្តព្រះសីហនុកាន់តែសកម្ម ហើយប្រជាជនកូរ៉េដែលរស់នៅក្នុងតំបន់ទាំងពីរកាន់តែមានស្ថិរភាពនៅក្នុងសហគមន៍មូលដ្ឋាន។